2025-08-02

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៩១៧ជាអ ស្តីពីការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា។ ក្រុមការងារនេះដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានសមាសភាពសរុប ១២ រូប មកពីក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងកងរាជអាវុធហត្ថ។ ភារកិច្ចសំខាន់របស់ក្រុមការងារគឺសម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួលដល់ក្រុមអ្នកសង្កេតការណ៍ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ព្រមទាំងរាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី អំពីសភាពការណ៍នៅតំបន់ប៉ះពាល់ និងស្នើសុំការណែនាំតាមតម្រូវការ។ ក្រុមការងារមានសិទ្ធិបង្កើតក្រុមការងារចំណុះ ប្រើប្រាស់មន្ត្រីក្រោមឱវាទ និងប្រើត្រារបស់ក្រសួងការពារជាតិសម្រាប់ដំណើរការការងារ។ សេចក្តីសម្រេចនេះតម្រូវឱ្យរដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធ រួមមានក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នផ្សេងទៀត អនុវត្តតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ សេចក្តីសម្រេចនេះត្រូវបានចេញផ្សាយនៅរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០២៥ ក្រោមហត្ថលេខាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Image Image
Share on Facebook Back to Home