ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ព្យុះទី៩ ឈ្មោះ ក្រសារ (Krosa) T2509 នៅតែមានឥទ្ធិពលលើសមុទ្រអានដាម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងកម្ពុជា ប៉ុន្តែមិនមានឥទ្ធិពលខ្លាំងឡើយ។ ស្ថានភាពធាតុអាកាសនឹងមានដូចខាងក្រោម៖ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៤°C ជាមួយភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ ១០% នៅខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ បាត់ដំបង និងភ្នំពេញជាដើម។ នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣៣°C ជាមួយភ្លៀងធ្លាក់ ១០% នៅខេត្តដូចជា កំពង់ស្ពឺ ប៉ៃលិន និងរតនគិរី។ ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣៣°C ជាមួយភ្លៀងធ្លាក់ ១៥% នៅខេត្តកោះកុង ព្រះសីហនុ និងកំពត ព្រមទាំងរលកសមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ។ សូមសាធារណជនទទួលជ្រាប និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុនេះ។